![]() |
ចំលាក់ខ្មែរ |
ជូ លាងហាក់ ៖ រាល់អត្ថបទរបស់ខ្ញុំដែល ភ្នំពេញ ប៉ុស្តិ៍ ចុះផ្សាយឲ្យខ្ញុំតែងយកចិត្តទុកដាក់អានឡើងវិញហើយសង្កេតឃើញថា ពាក្យពេចន៍មួយចំនួន ត្រូវបានកែតម្រូវខ្លះៗផ្នែកខាងអក្ខរាវិរុទ្ធ ដែលនេះជាមោទនភាពមួយចំពោះខ្ញុំ។ នៅភ្នំពេញ ក្មួយស្រីម្នាក់ឈ្មោះ ចិន បានទិញសៀវភៅវចនានុក្រមខ្មែរមួយក្បាលផ្ញើឲ្យខ្ញុំ ហើយដែលខ្ញុំប្រើប្រាស់ជារឿយៗ។ គឺជាសៀវភៅភាគមួយនិងពីរ បោះពុម្ពក្នុងឆ្នាំ ១៩៦៨ មានចំនួនតែ ៩៦៥ ទំព័រប៉ុណ្ណោះ។
ទោះយ៉ាងណា ក្នុងឱកាសដែលខ្ញុំកំពុងសរសេរ អត្ថបទនីមួយៗ ទោះជាមានសៀវភៅនេះ នៅក្បែរដៃក្ដី គឺខ្ញុំមិនសូវប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់មើលអក្ខរាវិរុទ្ធឲ្យ បានជាក់លាក់នោះទេ។ ព្រោះខ្ញុំសំអាងភាគច្រើនទៅលើការចងចាំ។ តែការចងចាំរបស់ខ្ញុំនោះ នៅតែមានការភ្លាត់ភ្លាំងហើយក៏សរសេរខុសខ្លះៗជាប្រចាំ។ ខ្ញុំនឹង ពន្យល់ពាក្យ (អក្ខរាវិរុទ្ធ) ជាពាក្យ (គោល) ដែលអ្នកអានខ្លះ ប្រហែលជាមិនអាចរកពាក្យនេះឃើញទេ នៅក្នុងសៀវភៅវចនានុក្រមខ្មែរ មួយនេះបើគេគ្មានចិត្តអត់ធ្មត់ ហើយអានឲ្យបានហូរហែ នូវពាក្យក្បែរៗនោះ។ តាមពិតពាក្យ (អក្ខរាវិរុទ្ធ) គេអាចរកឃើញក្នុងឃ្លាពន្យល់នៃពាក្យ (អក្ខរៈ) ទំព័រ ៨០១-៨០២ ។ ខ្ញុំយល់ថា នេះជាការខុសឆ្គងក្នុងការតាក់តែងវចនានុក្រមព្រោះពាក្យ (អក្ខរា វិរុទ្ធ) ជាពាក្យគោលដែលអ្នកអានមានពេលខ្លះ ត្រូវការរកមើលដើម្បីសរសេរឲ្យបានត្រឹមត្រូវឬក៏ឲ្យបានយល់ន័យ នៃពាក្យ។ គេមិនគួរយកពាក្យគោល ទៅបង្កប់ក្នុងការពន្យល់នៃពាក្យណាមួយសោះឡើយព្រោះវានាំឲ្យ ពិបាករក។
ដូចគ្នានេះដែរពាក្យ (អតិបរមា) ដែលជាពាក្យគោល ក៏គេដាក់បង្កប់ជាមួយការពន្យល់នៃពាក្យ (អតិ) ក្នុងទំព័រ ៨២០ រួមនឹងពាក្យគោលដទៃជាច្រើនទៀតក្នុងទីនោះ។ កំហុសនេះគេចាំបាច់ត្រូវលុបចោលហើយសូមតាក់តែងឲ្យមានទម្រង់ថ្មី ល្អដើម្បីបង្កើតការងាយស្រួលចំពោះសិស្សឬនិស្សិតខ្មែរនិង បរទេស។
យើងដឹងហើយថា ការខិតខំរៀនសូត្រដើម្បីក្រេបយកចំណេះវិជ្ជាផ្សេងៗជាធម្មតាមាន ការពិបាកច្រើន យោងតាមកម្រិតនៃចំណេះវិជ្ជាទាំងនោះ។ ដូច្នេះអ្វីដែលយើង (អាច) កែសម្រួលធ្វើឲ្យមានភាពងាយស្រួលបានគឺយើង (ចាំបាច់) ត្រូវតែធ្វើឲ្យបានស្រេចតែម្ដងដើម្បីជា (ផ្លូវល្អ) សម្រាប់សម្រួលការធ្វើដំណើរក្នុងការសិក្សា។ ជាការប្រាកដ ណាស់ដែលថា កិច្ចការនៃការបង្កើតផ្លូវល្អនីមួយៗគឺគេរមែងជួបប្រទះការលំបាក តិចឬច្រើន។
ក៏ប៉ុន្តែលុះការអត់ធ្មត់ព្យាយាម ក្នុងការកសាងផ្លូវល្អៗបានសម្រេចនិងបានប្រសើរជាបរិបូណ៌និង ជាស្ថាពរហើយកម្រិតនៃ (លទ្ធផលវិជ្ជមាន) ដែលវាផ្ដល់មកពីការព្យាយាមនិងអត់ធ្មត់ សម្រាប់ជីវិតរស់នៅគឺអាចមានទំហំធំធេង ដែលយើងប្រហែលជាមិនអាចប៉ាន់ស្មានបានជាមុននោះឡើយពីព្រោះ (ការដុះដាលលូតលាស់) ទៅមុខនៃដំណើរជីវិតដែលមានចំណេះចេះដឹងជាជំនួយគឺ (គ្មានព្រំដែន) ឬពេលវេលាកំណត់ទាល់តែសោះ ប្រៀបបាននឹងចំណេះវិជ្ជាផ្នែកវិទ្យាសាស្ត្រទូទៅក្នុងសម័យទំនើប នេះដែលហាក់ដូចជាហោះហើរកាន់តែខ្ពស់កាន់តែឆ្ងាយទៅក្នុងលំហដ៏ ល្ហល្ហេវនៃអាកាសវេហាស៍ គ្មានទំនប់ និងគ្មានរបាំងអ្វីទាំងអស់នោះ។
ដូច្នេះក្នុងចំណោមកិច្ចការរាប់ពាន់រាប់ម៉ឺនជំពូក ដែលយើងត្រូវបង្កើតឬត្រូវធ្វើដើម្បីសម្រួលដំណើរជីវិតយើងឲ្យទទួល បានជោគជ័យជាអតិបរមា គឺយើងត្រូវធ្វើឲ្យបានសម្រេចជាដាច់ខាត។ ក្នុងចំណោមកិច្ចការ ទាំងនេះ ខ្ញុំមើលឃើញថា វចនានុក្រមខ្មែរគឺ (ជាដាច់ខាត និងចាំបាច់) ត្រូវតែមានកំណែទម្រង់ថ្មី តាក់តែងរៀបចំឲ្យស្អាតបាតល្អប្រសើរទោះជាដំណើរនៃការកែលំអ សៀវភៅនេះនឹងជួបប្រទះនូវការពិបាកយ៉ាងណាក្ដី។ នេះជាកិច្ចការពិបាកដែលនឹងផ្ដល់នូវផលវិជ្ជមានធំ ចំពោះជាតិ សាសន៍ខ្មែរ។ យើងដឹងហើយថា ពិភពលោកនេះគឺពោរពេញទៅដោយគ្រោះថ្នាក់។ មនុស្សណាដែលខ្សោយទាំងកម្លាំងកាយ កម្លាំងចិត្តនិងកម្លាំងប្រាជ្ញាគឺរស់មិនបានស្រួលមិនបានសុខសាន្ត ជាបរិបូណ៌ និងស្ថិតស្ថេរនោះឡើយ។
វចនានុក្រមខ្មែរ ចាំបាច់ត្រូវមានកំណែទម្រង់ថ្មី បើមិនអ៊ីចឹងទេ (ភាពលំបាកលំបិនដ៏ឥតចាំបាច់) នឹងដាក់បន្ទុកធ្ងន់ធ្ងរទៅលើខួរក្បាលហើយវាអាចបង្កឲ្យមានភាព យឺតយ៉ាវ ក្នុងការរៀនសូត្រចេះដឹង ដែលជួនកាលវាធ្វើឲ្យអ្នករៀនសូត្រមានការធុញទ្រាន់ខ្លាំងដោយសារ ការតាក់តែងរៀបរៀងសៀវភៅមិនបានល្អ ហើយតម្រេកនៃការរៀនសូត្រអាច ថមថយចុះបាន។ គេគួររៀបចំសរសេរពាក្យគោលៗទាំងអស់ឲ្យនៅខាងដើមបន្ទាត់ដើម្បីជា ការងាយស្រួលក្នុងការស្វែងរក ហើយដែលវាមិនធ្វើឲ្យអ្នកអានខកចិត្តមានការធុញទ្រាន់នឹងចំណាយ ពេលច្រើនដោយមិនចាំបាច់ក្នុងការប្រើប្រាស់វចនានុក្រមនោះ។
ជាការប្រសើរណាស់ទៅទៀត បើគេអាចប្រើអក្សរពុម្ព តូចធំ ដែលមានភាពច្បាស់ល្អហើយថែមទាំងមានគំនូរឬរូបភាពផ្សេងៗ បូកបញ្ចូលក្នុងទំព័រខ្លះៗផងទូទាំងសៀវភៅដែលវានឹងធ្វើឲ្យសៀវភៅ នោះមានតម្លៃហើយអ្នកប្រើប្រាស់ មានការចាប់អារម្មណ៍ចង់អានចង់មើលរូបនិងចង់ស្រាវជ្រាវជាបន្ត។ ដូច្នេះគំនិតប្រាជ្ញានិងកំណើននៃការរៀនសូត្រចេះដឹង នឹងដុះដាលលូតលាស់បានជឿនលឿនយ៉ាងប្រសើរជាពិសេសក្នុងចំណោមសិស្សានុសិស្សនៅ ក្នុងយុវវ័យ។ រូបភាពក្នុងសៀវភៅគឺដូចប្រហុកនិងសត្វរុយឬស្ករ និងស្រមោច។
មានពាក្យពេចន៍ខ្លះៗដែលខ្ញុំ (រកមិនឃើញ) ក្នុងវចនានុក្រមខ្មែរ មួយនេះ។ មានដូចជាពាក្យ (វិរបុរស) (វិរជន) (បរិបូណ៌) ឬ (និរន័យ) ជាដើម។ ពាក្យ (និរន័យ) នេះមានន័យថា (ការវិនិច្ឆ័យ) ត្រូវ នឹងពាក្យអង់គ្លេស ឬបារាំងថាverdict ។ ខ្ញុំបានរកឃើញពាក្យនេះនៅក្នុងវចនានុក្រមបារាំងខ្មែរដែលតាក់តែង រៀបរៀងដោយលោក លីវូអុងបោះពុម្ពលើកទី១ ក្នុងឆ្នាំ ១៩៧១ ដោយ ខេមរបណ្ណាគារ ហើយខ្ញុំបានសង្កេតឃើញថា ពាក្យ (មហិច្ឆតា) គឺសរសេរខុសគ្នាពីសៀវភៅលោក លីវូអុង ដែលគេសរសេរពីរដងថា (មហិច្ឆតា) ត្រូវនឹងពាក្យ ambitieux & ambition។
ចំណែកឯពាក្យ (មោទនភាព) ដែលយើងរាល់គ្នាធ្លាប់ឮ ធ្លាប់ប្រើក៏ខ្ញុំរកពុំឃើញសោះដែរ តែខ្ញុំរកឃើញពាក្យ(មោទកភាព) នៅចុងបំផុតនៃទំព័រ ៤៥៥ ដែលមានអត្ថន័យថាភាពឬភាវៈជាអ្នករីករាយ។ តែពាក្យបន្ទាប់នោះគឺ(មោទនា) មានន័យស្រដៀងគ្នានឹងពាក្យ (មោទកភាព)។ នេះជាលើកដំបូងហើយដែលខ្ញុំរកឃើញពាក្យ (មោទកភាព)នេះព្រោះថាជារឿយៗនិងជាទូទៅយើងរាល់គ្នាតែងតែប្រើពាក្យ (មោទនភាព) ក្នុងការសរសេរសំដៅទៅអត្ថន័យនៃសេចក្ដីរីករាយក្នុងដួងចិត្ត។ រីឯពាក្យដែលខ្ញុំ ធ្លាប់ឃើញគេសរសេរថា (ផ្ញើរ) ត្រូវបានកែប្រែជា (ផ្ញើ) ទៅវិញដែលមើលទៅឃើញដូចជាទាស់ភ្នែក។
គូរស្រករគេសរសេរកែជា (គូ) ស្រករ។ ពាក្យពត៌មានកែជាព័ត៌មាន។ល។ ខ្ញុំក៏បានសង្កេតឃើញផងដែរនូវ (ភាពខ្ជីខ្ជាឬខ្ជិលច្រអូស) របស់ អ្នកតាក់តែងបោះពុម្ពសៀវភៅដ៏ចាំបាច់មួយនេះដោយសារ (ទំព័រ ច) ខាងដើមសៀវភៅត្រូវបានគេបោះពុម្ពបញ្ច្រាស ដែលគេមិនអាចអានបានឡើយ។ ពាក្យ (ទុព្វលភាព) ក្នុងទំព័រ ២១២ គេសរសេរថា (ទុព្វភាព) ដែលជាកំហុសផ្នែកអក្ខរាវិរុទ្ធ។ នេះជាសៀវភៅដ៏សំខាន់សម្រាប់កូនខ្មែរតែគេធ្វើការយ៉ាងខ្ជីខ្ជា ឲ្យតែរួចពីដៃគ្មានគិតពីតម្លៃនិងសារៈសំខាន់របស់វាទាល់តែសោះ។ មនុស្សខ្វះសមត្ថភាព ឬខ្ជិលច្រអូសដូច្នេះមិនគួរធ្វើកិច្ចការសំខាន់នេះទេ។
ជាចុងបញ្ចប់ យោបល់ឬសំណូមពរដ៏ទទូចរបស់ខ្ញុំគឺថា ផ្លូវល្អដ៏ចាំបាច់ក្នុងការតាក់តែងរូបរាងថ្មីនៃវចនានុក្រម ខ្មែរ គឺដាច់ខាតត្រូវតែកែប្រែបង្កើតឲ្យបាន ដើម្បីជាលម្អនៃទ្រព្យសម្បត្តិខ្មែរ និងជាផលប្រយោជន៍ធំដល់ប្រជារាស្ត្រ និងជាតិសាសន៍ខ្មែរ។ ប្រសិនបើកំណែទម្រង់នេះឬកិច្ចការនេះ គេមិនព្រមធ្វើការកែប្រែហើយក៏មិនអើពើទេនោះគឺខ្មែរប្រាកដជា មាន (ការពិបាកដ៏ឥតចាំបាច់) ដទៃៗជាច្រើនទៀត នៅស្អេកស្កះពាសពេញទាំងផ្ទៃសង្គមដ៏កម្សត់មួយនេះ ដែលជាយថាហេតុវានឹងនៅតែបង្កើតឲ្យមានភាពតឹងស្អិត the friction ក្នុងដំណើរនៃជីវិតខ្មែរទាំងរាប់លាននាក់ ដោយគ្មានពេលកំណត់សោះឡើយ៕
_______________________________________
ខ្ញុំ ជូលាង ហាក់, អ៊ីមែល : hakchou@hotmail.com
អត្ថបទចម្លងពី : សារព័ត៌មានភ្នំពេញប៉ុស្តិ៍
សឹកស្តាយភ្នួសបួសស្តាយស្រី
ReplyDelete