Tuesday, April 14, 2015

សុភាសិតខ្មែរ សាកល្បងសិន


សុភាសិត​ខ្មែរ [គុណនាម] [បាលី] ,[សំស្ក្រឹត] [សុភាឞិត ] ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ​ ​​ជា​​ឱវាទ​ល្អៗ​​ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្ដាប់។​ ទំព័រ​នេះ​គឺ​ជា​កម្រង​ប្រមូល​ផ្ដុំ​សុភាសិត​ខ្មែរ ដក​ស្រង់​ចេញ​ពី​សៀ​ភៅ ប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្ដេច​ ជួន ណាត​។​


កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី។
ក្រ​អ្វី​ក្រ​ចុះ កុំ​ឲ្យតែ​ក្រ​គំនិត។
ក្រមុំ​ដណ្ដឹង​ម្ដាយ​ មេម៉ាយ​ដណ្ដឹង​ចិត្ត។
ក្រពើ​វង្វេង​បឹង។
កាត់​ទឹក​មិន​ដាច់ ​កាត់​សាច់​វា​ឈឺ។
កាប់​បំពង់ ​រង់ចាំ​ទឹកភ្លៀង។
ការ​ប៉ុន​ភ្នំ​មិន​គិត ​ទៅ​គិត​ឯ​ស្គរ​បែក​មាត់។
ការ​មិន​បៀតបៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។ (ព្រះ​ធម្ម​វរោត្តម តុង ឈួន)
ការអប់រំ គឺ​ជា​ការ​ហ្វឹកហ្វឺន​នូវ​សក្ដានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្ដុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា។
ការ​យល់ដឹង​តែ​មួយដង អាច​ធ្វើឲ្យ​ជីវិត​ទាំងមូល​មានន័យ។
ការ​ធ្វើ​វិនិយោគ​ចំណេះដឹង​តែង​នាំមក​នូវ​ផលប្រយោជន៍​ដ៏ប្រសើរ​បំផុត។
កោកៗ​សឹក​តែ​មាត់ ត្រដោក​ឆ្អែត​តែ​ពោះ​ក្របី។
កោស​មិន​ដាក់​ទឹក។
ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត។
ក្ដៅ​ស៊ី​រាក់​ ត្រជាក់​ស៊ី​ជ្រៅ។
កំភ្លាញ​ស្លាប់​ព្រោះ​មាត់ ​ខ្វែក​ស្លាប់​ព្រោះ​អាចម៍។
កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។
កុំ​ខ្វើក​តាម​ខ្យល់ កុំ​ខ្វល់​តាម​រលក។
កុំ​គូរ​មុន​គិត។
កុំ​ជិះ​ចង្អេរ​លើក​ខ្លួនឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេងក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំ​អាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។
កុំ​ឈ្លោះ​នឹង​ស្រី​ កុំ​ក្ដី​នឹង​គ្នាឯង។
កុំ​ដេក​ផ្សងព្រេង ​កុំ​វង្វេង​ខុស​ផ្លូវ។
កុំ​ដេក​ចាំ​ស្លាប់ អង្គុយ​ចាំ​មាន​ ខ្មាស​ល្ងង់​ទើប​ចេះ ខ្មាស​ក្រ​ទើប​មាន ដឹង​ខ្លួន​ថា​ល្ងង់ គង់​បាន​ជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ រស់​ហើយ​សឹម​ស្លាប់ ចូរ​សេព​អ្នកប្រាជ្ញ កុំ​ត្រាប់​មនុស្ស​ពាល។ (ព្រះ​គ្រូ​ធម្ម​បណ្ឌិត​ គង់ ស៊ឹម)
កុំ​ដាំស្រូវ​នៅ​ផ្លូវ​ដំរី។
កុំ​ទុកចិត្ត​មេឃ​ កុំ​ទុកចិត្ត​ផ្កាយ កុំ​ទុកចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ កុំ​ទុកចិត្ត​ម្ដាយ​ថា​គ្មាន​បំណុល។
កុំ​ទុំ​មុន​ស្រគាល។
កុំ​ផ្ទុក​តាម​ទូកថ្វែ។
កុំ​ពត់​ស្រឡៅ​ កុំ​ប្រដៅ​ស្រីខូច។
កុំ​ពាក់​មុខយក្ស ​ កុំ​ពាក់​ស្បែក​ខ្លា។
កុំ​ពូត​ផ្សែង​ជា​ដុំ ​ កុំ​យក​ភ្នំ​ទ្រាប់​អង្គុយ។
កុំ​យក​ស្រឡៅ​ធ្វើ​ខ្នួច ​កុំ​សម្រួច​ឈើ​ពុក។
កុំ​រាយ​មុខ​ដឹង ​កុំ​ទទឹង​មុខ​សឹក។
កុំ​​រៀន​នៅ​ទំនេរ​ខាត​ការ​កម្ម កុំ​រៀន​បណ្ដាក់​ចាំ​ជា​ពេល​ក្រោយ​ កុំ​រៀន​ប្រហែស​មើល​ងាយ​នាំ​ធ្លោយ​ កុំ​រៀន​មិន​ឲ្យ​ទាន​ស្មូម​យាចក។
កុំ​អាង​ថា បើ​មាន​មិន​បាច់​ខំ​ បើ​រលំ​មិន​បាច់​ច្រាន។
កុំ​ឲ្យ​ប្រព្រឹត្ត​ទុច្ចរិត ដោយ​ការ​គប់​មិត្រ​លប​ចង​ពន្ធ​ លួច​លាក់​មាន​ស្រី​សហាយស្មន់ ក្បត់​ចិត្ត​ប្រពន្ធ​ឲ្យ​មួរ​ហ្មង។

0 comments:

Post a Comment

Download