ចេញថ្មីទៀតហើយ!!!... ពុម្ពអក្សរយូនីកូដខ្មែរ ដែលបានរចនាដោយលោក ហ៊ុយ សាវី។ ពុម្ពអក្សរនេះ ទើបនឹងបានចេញឲ្យប្រើប្រាស់ជាផ្លូវការ និងដោយសេរី នៅថ្ងៃទី០៤ ខែនេះទេ។ ខ្ញុំធ្លាប់បានឃើញអក្សរនេះ នៅលើថាសចម្រៀង និងក្រដាសនានា។ តែវាមិនមែនជាយូនីកូដឡើយ ហើយក៏មិនមែនជាប្រភេទអក្សរដែលស្ថិតនៅក្នុងប្រភេទជាលីមូនដែរ...
Wednesday, April 15, 2015
Tuesday, April 14, 2015
ចូលឆ្នាំថ្មីនិយាយអំពីប្រភពនៃឈ្មោះឆ្នាំខ្មែរទាំង១២ក្នុងក្បួនហារាសាស្ត្រ
លោក មីស្សែល ហ្វែរលុស ( Michel Ferlus) អ្នកស្រាវជ្រាវឯករាជ្យម្នាក់ ដែលធ្លាប់ធ្វើការនៅមជ្ឈ មណ្ឌលជាតិសម្រាប់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ (CNRS) បានអះអាងថា ឈ្មោះសត្វទាំង១២សម្រាប់សម្គាល់ឆ្នាំខ្មែរនៅក្នុងក្បួនហោរាសាស្ត្រ គឺជាពាក្យក្លាយមកពីភាសាវៀតណាម ក្រោមឥទ្ធិពលនៃភាសាចិន។
អត្ថបទ«ភស្តុតាងក្នុងការសិក្សាខាងភាសាតាមផ្លូវពាណិជ្ជកម្មពីវៀតណាមភាគខាងជើងមកឈូងសមុទ្រថៃ (សតវត្សទី៣ដល់សតវត្សទី៨) របស់លោក មីស្សែល ហ្វែរលុស ដែលផ្សាយក្នុងព្រឹត្តិបត្រសិក្សាអំពីមនខ្មែរ ( Mon-Khmer Studies) លេខ៤១ លើកឡើងថា ប្រព័ន្ធឆ្នាំទាំង១២ តំណាងដោយសត្វតាមលំដាប់ពីឆ្នាំជូតដល់ឆ្នាំកុរ មានប្រភពនៅភាគកណ្តាលនៃប្រទេសចិន ហើយរីកសាយនៅអាស៊ី។ បើតាមអ្នកស្រាវជ្រាវជនជាតិបារាំងរូបនេះ ប្រព័ន្ធឆ្នាំទាំង១២នេះត្រូវបានខ្ចីយកមកប្រើដោយប្រជាជននៅអាស៊ីភាគអាគ្នេយ៍ ក្នុងនោះមានវៀតណាមជាដំបូង បន្ទាប់មកខ្មែរ និងមន។
ចំពោះបញ្ហានេះ លោក អ៊ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានថ្លែងថា ពិតជាមានពាក្យសម្គាល់ឈ្មោះសត្វ«ខ្លះ»ក្នុងចំណោមសត្វទាំង១២នោះ បានក្លាយមកពីភាសាវៀតណាម ដែលទទួលឥទ្ធិពលចិនមែន ហើយ«ពាក្យខ្លះទៀតមកពីឥណ្ឌា»។
ផ្ទុយទៅវិញ លោក វ៉ាយ វិបុល ដែលជាទីប្រឹក្សានៃក្រសួងធម្មការនិងសាសនា និងជាហោរាផង អះអាងថា ឆ្នាំខ្មែរតំណាងដោយសត្វទាំង១២ នៅក្នុងក្បួនហោរាសាស្ត្រនោះ គឺ«បានទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនារបស់ឥណ្ឌា»ជាជាងពីចិន។
ដោយឡែក បណ្ឌិត សួន ឱសថ ដែលជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាជំនួយការផ្នែកស្រាវជ្រាវរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ចិន«បានយក»ប្រព័ន្ធឆ្នាំដែលសម្គាល់ដោយសត្វទាំង១២នោះ «ពីភាសាសំស្ក្រឹតរបស់ឥណ្ឌា»ទៅវិញទេ ហើយឈ្មោះសត្វនីមួយៗក្នុងភាសាខ្មែរគឺបានក្លាយពីភាសាសំស្ក្រឹតដោយផ្ទាល់ មិនមែនទទួលឥទ្ធិពលពីភាសាវៀតណាម និងចិនទេ៕
អ្នកដឹកនាំខ្មែរឥស្លាមកំពុងសម្លឹងមើលកន្លែងឲ្យសិស្សនិស្សិតរៀនបន្តនៅក្នុងតំបន់
សិស្សនិស្សិត ខ្មែរឥស្លាមចំនួន ១៦នាក់ ដែលសហគមន៍ខ្មែរឥស្លាមនៅកម្ពុជាបានបញ្ចូនទៅសិក្សានៅប្រទេសយ៉េមែនតាមរូបភាពអាហារូបករណ៍ត្រូវបានបញ្ជូនមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយកាលពីរសៀលថ្ងៃអង្គារនេះ។ ភាពចលាចល វឹកវរ នៅប្រទេស យ៉េមែន ជាហេតុផលដែលជំរុញឲ្យនិស្សិតខ្មែរឥស្លាម បង្ខំចិត្តជន្លៀសខ្លួនចេញពីប្រទេសនេះ ដោយមានការជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា និងគណៈដឹកនាំសាសនាឥស្លាមកម្ពុជា។
សុភាសិតខ្មែរ សាកល្បងសិន
សុភាសិតខ្មែរ [គុណនាម] [បាលី] ,[សំស្ក្រឹត] [សុភាឞិត ] ជាឃ្លាខ្លីៗ តែមានអត្ថន័យជ្រៅជ្រះ ជាឱវាទល្អៗដែលមានប្រយោជន៍គួររៀនគួរស្ដាប់។ ទំព័រនេះគឺជាកម្រងប្រមូលផ្ដុំសុភាសិតខ្មែរ ដកស្រង់ចេញពីសៀភៅ ប្រមូលភាសិតខ្មែរ ផ្សាយចេញពីសមាគមសម្ដេច ជួន ណាត។
ក
កកក៏បាយ មេម៉ាយក៏ស្រី។
ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត។
ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត។
ក្រពើវង្វេងបឹង។
កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។
កាប់បំពង់ រង់ចាំទឹកភ្លៀង។
ការប៉ុនភ្នំមិនគិត ទៅគិតឯស្គរបែកមាត់។
ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក។ (ព្រះធម្មវរោត្តម តុង ឈួន)
ការអប់រំ គឺជាការហ្វឹកហ្វឺននូវសក្ដានុភាព ដែលជាគ្រឿងពង្រីកបណ្ដុះ ឬ បង្កើនចំណេះវិជ្ជា។
ការយល់ដឹងតែមួយដង អាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
កោកៗសឹកតែមាត់ ត្រដោកឆ្អែតតែពោះក្របី។
កោសមិនដាក់ទឹក។
ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ។
កំភ្លាញស្លាប់ព្រោះមាត់ ខ្វែកស្លាប់ព្រោះអាចម៍។
កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។
កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក។
កុំគូរមុនគិត។
កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។
កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង។
កុំដេកផ្សងព្រេង កុំវង្វេងខុសផ្លូវ។
កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាសល្ងង់ទើបចេះ ខ្មាសក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។ (ព្រះគ្រូធម្មបណ្ឌិត គង់ ស៊ឹម)
កុំដាំស្រូវនៅផ្លូវដំរី។
កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
កុំទុំមុនស្រគាល។
កុំផ្ទុកតាមទូកថ្វែ។
កុំពត់ស្រឡៅ កុំប្រដៅស្រីខូច។
កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា។
កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ។
កុំយកស្រឡៅធ្វើខ្នួច កុំសម្រួចឈើពុក។
កុំរាយមុខដឹង កុំទទឹងមុខសឹក។
កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្ដាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនឲ្យទានស្មូមយាចក។
កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។
កុំឲ្យប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធឲ្យមួរហ្មង។
វចនានុក្រមខ្មែរចាំបាច់ត្រូវធ្វើកំណែទម្រង់ថ្មី
![]() |
ចំលាក់ខ្មែរ |
ជូ លាងហាក់ ៖ រាល់អត្ថបទរបស់ខ្ញុំដែល ភ្នំពេញ ប៉ុស្តិ៍ ចុះផ្សាយឲ្យខ្ញុំតែងយកចិត្តទុកដាក់អានឡើងវិញហើយសង្កេតឃើញថា ពាក្យពេចន៍មួយចំនួន ត្រូវបានកែតម្រូវខ្លះៗផ្នែកខាងអក្ខរាវិរុទ្ធ ដែលនេះជាមោទនភាពមួយចំពោះខ្ញុំ។ នៅភ្នំពេញ ក្មួយស្រីម្នាក់ឈ្មោះ ចិន បានទិញសៀវភៅវចនានុក្រមខ្មែរមួយក្បាលផ្ញើឲ្យខ្ញុំ ហើយដែលខ្ញុំប្រើប្រាស់ជារឿយៗ។ គឺជាសៀវភៅភាគមួយនិងពីរ បោះពុម្ពក្នុងឆ្នាំ ១៩៦៨ មានចំនួនតែ ៩៦៥ ទំព័រប៉ុណ្ណោះ។
ទោះយ៉ាងណា ក្នុងឱកាសដែលខ្ញុំកំពុងសរសេរ អត្ថបទនីមួយៗ ទោះជាមានសៀវភៅនេះ នៅក្បែរដៃក្ដី គឺខ្ញុំមិនសូវប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់មើលអក្ខរាវិរុទ្ធឲ្យ បានជាក់លាក់នោះទេ។ ព្រោះខ្ញុំសំអាងភាគច្រើនទៅលើការចងចាំ។ តែការចងចាំរបស់ខ្ញុំនោះ នៅតែមានការភ្លាត់ភ្លាំងហើយក៏សរសេរខុសខ្លះៗជាប្រចាំ។ ខ្ញុំនឹង ពន្យល់ពាក្យ (អក្ខរាវិរុទ្ធ) ជាពាក្យ (គោល) ដែលអ្នកអានខ្លះ ប្រហែលជាមិនអាចរកពាក្យនេះឃើញទេ នៅក្នុងសៀវភៅវចនានុក្រមខ្មែរ មួយនេះបើគេគ្មានចិត្តអត់ធ្មត់ ហើយអានឲ្យបានហូរហែ នូវពាក្យក្បែរៗនោះ។ តាមពិតពាក្យ (អក្ខរាវិរុទ្ធ) គេអាចរកឃើញក្នុងឃ្លាពន្យល់នៃពាក្យ (អក្ខរៈ) ទំព័រ ៨០១-៨០២ ។ ខ្ញុំយល់ថា នេះជាការខុសឆ្គងក្នុងការតាក់តែងវចនានុក្រមព្រោះពាក្យ (អក្ខរា វិរុទ្ធ) ជាពាក្យគោលដែលអ្នកអានមានពេលខ្លះ ត្រូវការរកមើលដើម្បីសរសេរឲ្យបានត្រឹមត្រូវឬក៏ឲ្យបានយល់ន័យ នៃពាក្យ។ គេមិនគួរយកពាក្យគោល ទៅបង្កប់ក្នុងការពន្យល់នៃពាក្យណាមួយសោះឡើយព្រោះវានាំឲ្យ ពិបាករក។
ដូចគ្នានេះដែរពាក្យ (អតិបរមា) ដែលជាពាក្យគោល ក៏គេដាក់បង្កប់ជាមួយការពន្យល់នៃពាក្យ (អតិ) ក្នុងទំព័រ ៨២០ រួមនឹងពាក្យគោលដទៃជាច្រើនទៀតក្នុងទីនោះ។ កំហុសនេះគេចាំបាច់ត្រូវលុបចោលហើយសូមតាក់តែងឲ្យមានទម្រង់ថ្មី ល្អដើម្បីបង្កើតការងាយស្រួលចំពោះសិស្សឬនិស្សិតខ្មែរនិង បរទេស។
យើងដឹងហើយថា ការខិតខំរៀនសូត្រដើម្បីក្រេបយកចំណេះវិជ្ជាផ្សេងៗជាធម្មតាមាន ការពិបាកច្រើន យោងតាមកម្រិតនៃចំណេះវិជ្ជាទាំងនោះ។ ដូច្នេះអ្វីដែលយើង (អាច) កែសម្រួលធ្វើឲ្យមានភាពងាយស្រួលបានគឺយើង (ចាំបាច់) ត្រូវតែធ្វើឲ្យបានស្រេចតែម្ដងដើម្បីជា (ផ្លូវល្អ) សម្រាប់សម្រួលការធ្វើដំណើរក្នុងការសិក្សា។ ជាការប្រាកដ ណាស់ដែលថា កិច្ចការនៃការបង្កើតផ្លូវល្អនីមួយៗគឺគេរមែងជួបប្រទះការលំបាក តិចឬច្រើន។
ក៏ប៉ុន្តែលុះការអត់ធ្មត់ព្យាយាម ក្នុងការកសាងផ្លូវល្អៗបានសម្រេចនិងបានប្រសើរជាបរិបូណ៌និង ជាស្ថាពរហើយកម្រិតនៃ (លទ្ធផលវិជ្ជមាន) ដែលវាផ្ដល់មកពីការព្យាយាមនិងអត់ធ្មត់ សម្រាប់ជីវិតរស់នៅគឺអាចមានទំហំធំធេង ដែលយើងប្រហែលជាមិនអាចប៉ាន់ស្មានបានជាមុននោះឡើយពីព្រោះ (ការដុះដាលលូតលាស់) ទៅមុខនៃដំណើរជីវិតដែលមានចំណេះចេះដឹងជាជំនួយគឺ (គ្មានព្រំដែន) ឬពេលវេលាកំណត់ទាល់តែសោះ ប្រៀបបាននឹងចំណេះវិជ្ជាផ្នែកវិទ្យាសាស្ត្រទូទៅក្នុងសម័យទំនើប នេះដែលហាក់ដូចជាហោះហើរកាន់តែខ្ពស់កាន់តែឆ្ងាយទៅក្នុងលំហដ៏ ល្ហល្ហេវនៃអាកាសវេហាស៍ គ្មានទំនប់ និងគ្មានរបាំងអ្វីទាំងអស់នោះ។
ដូច្នេះក្នុងចំណោមកិច្ចការរាប់ពាន់រាប់ម៉ឺនជំពូក ដែលយើងត្រូវបង្កើតឬត្រូវធ្វើដើម្បីសម្រួលដំណើរជីវិតយើងឲ្យទទួល បានជោគជ័យជាអតិបរមា គឺយើងត្រូវធ្វើឲ្យបានសម្រេចជាដាច់ខាត។ ក្នុងចំណោមកិច្ចការ ទាំងនេះ ខ្ញុំមើលឃើញថា វចនានុក្រមខ្មែរគឺ (ជាដាច់ខាត និងចាំបាច់) ត្រូវតែមានកំណែទម្រង់ថ្មី តាក់តែងរៀបចំឲ្យស្អាតបាតល្អប្រសើរទោះជាដំណើរនៃការកែលំអ សៀវភៅនេះនឹងជួបប្រទះនូវការពិបាកយ៉ាងណាក្ដី។ នេះជាកិច្ចការពិបាកដែលនឹងផ្ដល់នូវផលវិជ្ជមានធំ ចំពោះជាតិ សាសន៍ខ្មែរ។ យើងដឹងហើយថា ពិភពលោកនេះគឺពោរពេញទៅដោយគ្រោះថ្នាក់។ មនុស្សណាដែលខ្សោយទាំងកម្លាំងកាយ កម្លាំងចិត្តនិងកម្លាំងប្រាជ្ញាគឺរស់មិនបានស្រួលមិនបានសុខសាន្ត ជាបរិបូណ៌ និងស្ថិតស្ថេរនោះឡើយ។
វចនានុក្រមខ្មែរ ចាំបាច់ត្រូវមានកំណែទម្រង់ថ្មី បើមិនអ៊ីចឹងទេ (ភាពលំបាកលំបិនដ៏ឥតចាំបាច់) នឹងដាក់បន្ទុកធ្ងន់ធ្ងរទៅលើខួរក្បាលហើយវាអាចបង្កឲ្យមានភាព យឺតយ៉ាវ ក្នុងការរៀនសូត្រចេះដឹង ដែលជួនកាលវាធ្វើឲ្យអ្នករៀនសូត្រមានការធុញទ្រាន់ខ្លាំងដោយសារ ការតាក់តែងរៀបរៀងសៀវភៅមិនបានល្អ ហើយតម្រេកនៃការរៀនសូត្រអាច ថមថយចុះបាន។ គេគួររៀបចំសរសេរពាក្យគោលៗទាំងអស់ឲ្យនៅខាងដើមបន្ទាត់ដើម្បីជា ការងាយស្រួលក្នុងការស្វែងរក ហើយដែលវាមិនធ្វើឲ្យអ្នកអានខកចិត្តមានការធុញទ្រាន់នឹងចំណាយ ពេលច្រើនដោយមិនចាំបាច់ក្នុងការប្រើប្រាស់វចនានុក្រមនោះ។
ជាការប្រសើរណាស់ទៅទៀត បើគេអាចប្រើអក្សរពុម្ព តូចធំ ដែលមានភាពច្បាស់ល្អហើយថែមទាំងមានគំនូរឬរូបភាពផ្សេងៗ បូកបញ្ចូលក្នុងទំព័រខ្លះៗផងទូទាំងសៀវភៅដែលវានឹងធ្វើឲ្យសៀវភៅ នោះមានតម្លៃហើយអ្នកប្រើប្រាស់ មានការចាប់អារម្មណ៍ចង់អានចង់មើលរូបនិងចង់ស្រាវជ្រាវជាបន្ត។ ដូច្នេះគំនិតប្រាជ្ញានិងកំណើននៃការរៀនសូត្រចេះដឹង នឹងដុះដាលលូតលាស់បានជឿនលឿនយ៉ាងប្រសើរជាពិសេសក្នុងចំណោមសិស្សានុសិស្សនៅ ក្នុងយុវវ័យ។ រូបភាពក្នុងសៀវភៅគឺដូចប្រហុកនិងសត្វរុយឬស្ករ និងស្រមោច។
មានពាក្យពេចន៍ខ្លះៗដែលខ្ញុំ (រកមិនឃើញ) ក្នុងវចនានុក្រមខ្មែរ មួយនេះ។ មានដូចជាពាក្យ (វិរបុរស) (វិរជន) (បរិបូណ៌) ឬ (និរន័យ) ជាដើម។ ពាក្យ (និរន័យ) នេះមានន័យថា (ការវិនិច្ឆ័យ) ត្រូវ នឹងពាក្យអង់គ្លេស ឬបារាំងថាverdict ។ ខ្ញុំបានរកឃើញពាក្យនេះនៅក្នុងវចនានុក្រមបារាំងខ្មែរដែលតាក់តែង រៀបរៀងដោយលោក លីវូអុងបោះពុម្ពលើកទី១ ក្នុងឆ្នាំ ១៩៧១ ដោយ ខេមរបណ្ណាគារ ហើយខ្ញុំបានសង្កេតឃើញថា ពាក្យ (មហិច្ឆតា) គឺសរសេរខុសគ្នាពីសៀវភៅលោក លីវូអុង ដែលគេសរសេរពីរដងថា (មហិច្ឆតា) ត្រូវនឹងពាក្យ ambitieux & ambition។
ចំណែកឯពាក្យ (មោទនភាព) ដែលយើងរាល់គ្នាធ្លាប់ឮ ធ្លាប់ប្រើក៏ខ្ញុំរកពុំឃើញសោះដែរ តែខ្ញុំរកឃើញពាក្យ(មោទកភាព) នៅចុងបំផុតនៃទំព័រ ៤៥៥ ដែលមានអត្ថន័យថាភាពឬភាវៈជាអ្នករីករាយ។ តែពាក្យបន្ទាប់នោះគឺ(មោទនា) មានន័យស្រដៀងគ្នានឹងពាក្យ (មោទកភាព)។ នេះជាលើកដំបូងហើយដែលខ្ញុំរកឃើញពាក្យ (មោទកភាព)នេះព្រោះថាជារឿយៗនិងជាទូទៅយើងរាល់គ្នាតែងតែប្រើពាក្យ (មោទនភាព) ក្នុងការសរសេរសំដៅទៅអត្ថន័យនៃសេចក្ដីរីករាយក្នុងដួងចិត្ត។ រីឯពាក្យដែលខ្ញុំ ធ្លាប់ឃើញគេសរសេរថា (ផ្ញើរ) ត្រូវបានកែប្រែជា (ផ្ញើ) ទៅវិញដែលមើលទៅឃើញដូចជាទាស់ភ្នែក។
គូរស្រករគេសរសេរកែជា (គូ) ស្រករ។ ពាក្យពត៌មានកែជាព័ត៌មាន។ល។ ខ្ញុំក៏បានសង្កេតឃើញផងដែរនូវ (ភាពខ្ជីខ្ជាឬខ្ជិលច្រអូស) របស់ អ្នកតាក់តែងបោះពុម្ពសៀវភៅដ៏ចាំបាច់មួយនេះដោយសារ (ទំព័រ ច) ខាងដើមសៀវភៅត្រូវបានគេបោះពុម្ពបញ្ច្រាស ដែលគេមិនអាចអានបានឡើយ។ ពាក្យ (ទុព្វលភាព) ក្នុងទំព័រ ២១២ គេសរសេរថា (ទុព្វភាព) ដែលជាកំហុសផ្នែកអក្ខរាវិរុទ្ធ។ នេះជាសៀវភៅដ៏សំខាន់សម្រាប់កូនខ្មែរតែគេធ្វើការយ៉ាងខ្ជីខ្ជា ឲ្យតែរួចពីដៃគ្មានគិតពីតម្លៃនិងសារៈសំខាន់របស់វាទាល់តែសោះ។ មនុស្សខ្វះសមត្ថភាព ឬខ្ជិលច្រអូសដូច្នេះមិនគួរធ្វើកិច្ចការសំខាន់នេះទេ។
ជាចុងបញ្ចប់ យោបល់ឬសំណូមពរដ៏ទទូចរបស់ខ្ញុំគឺថា ផ្លូវល្អដ៏ចាំបាច់ក្នុងការតាក់តែងរូបរាងថ្មីនៃវចនានុក្រម ខ្មែរ គឺដាច់ខាតត្រូវតែកែប្រែបង្កើតឲ្យបាន ដើម្បីជាលម្អនៃទ្រព្យសម្បត្តិខ្មែរ និងជាផលប្រយោជន៍ធំដល់ប្រជារាស្ត្រ និងជាតិសាសន៍ខ្មែរ។ ប្រសិនបើកំណែទម្រង់នេះឬកិច្ចការនេះ គេមិនព្រមធ្វើការកែប្រែហើយក៏មិនអើពើទេនោះគឺខ្មែរប្រាកដជា មាន (ការពិបាកដ៏ឥតចាំបាច់) ដទៃៗជាច្រើនទៀត នៅស្អេកស្កះពាសពេញទាំងផ្ទៃសង្គមដ៏កម្សត់មួយនេះ ដែលជាយថាហេតុវានឹងនៅតែបង្កើតឲ្យមានភាពតឹងស្អិត the friction ក្នុងដំណើរនៃជីវិតខ្មែរទាំងរាប់លាននាក់ ដោយគ្មានពេលកំណត់សោះឡើយ៕
_______________________________________
ខ្ញុំ ជូលាង ហាក់, អ៊ីមែល : hakchou@hotmail.com
អត្ថបទចម្លងពី : សារព័ត៌មានភ្នំពេញប៉ុស្តិ៍